ស្រលាញ់គឺស្រលាញ់ ក្ដីស្រឡាញ់មិនមានការបែងចែក

បានធំធាត់ឡើងនៅក្នុងសង្គមមួយដែលកំណត់ថា បុរស និងស្រី្តត្រូវតែរៀបការជាមួយគ្នា ពេលដែលខ្ញុំកំពុងតែស្ថិតនៅជីវិតជាសិស្សវិទ្យាល័យ ខ្ញុំតែងតែចោទសំណួរសួរទៅកាន់ខ្លួនឯងថា តើការបង្កើតគ្រួសារមួយបានចាំបាច់ទាល់តែស្រី្ដនិងបុរសរៀបការជាមួយគ្នាមែនទេ? ការស្រលាញ់ចាំបាច់ ត្រូវតែជាភេទបុរស និងភេទស្រ្តី ទើបគេហៅថាស្រលាញ់?

កាលនៅពីតូចដោយសារតែខ្ញុំជាក្មេងស្រីម្នាក់ដែលមិនសូវចេញទៅសង្គមខាងក្រៅ ហេតុដូច្នេះហើយទើបធ្វើឲ្យខ្ញុំមិនសូវយល់ដឹងពីបរិយាបទរស់នៅក្នុងសង្គមខាងក្រៅនោះឡើយ។ ខ្ញុំគ្រាន់តែដឹងថាពេលខ្ញុំធំឡើងខ្ញុំត្រូវតែរៀបការជាមួយបុរសណាម្នាក់ ដើម្បីបង្កើតគ្រួសារជាមួយគ្នា ព្រោះនេះជាអ្វីដែលអ្នកភូមិ អ្នកស្រុកខ្ញុំតែងតែធ្វើ និងវាជាទំនៀមទំនាប់ប្រពៃណីខ្មែរដែលតែងតែមានជាយូរយារណាស់មកហើយ។

 ក្នុងពេលនោះខ្ញុំរកចម្លើយឲ្យខ្លួនឯងមិនទាន់ឃើញនោះទេ ប៉ុន្ដែក្នុងគ្រានោះផងដែរ ខ្ញុំបានដឹងត្រឹមថាខ្លួនឯងហាក់បីដូចជាមានអ្វីខុសប្រក្រក្ដីពីមនុស្សស្រីដទៃផ្សេងទៀត ខ្ញុំមានអារម្មណ៍ថាខ្លួនឯងចាប់ផ្ដើមចូលចិត្ដ និងមានអារម្មណ៍ល្អទៅលើមនុស្សស្រីដែរមានភេទដូចគ្នា ហើយមនុស្សស្រីម្នាក់នោះ​ ខ្ញុំបានស្គាល់គាត់តាមរយៈបណ្ដាញសង្គម (IG) ពីដំបូងខ្ញុំគិតថាវាគឺជាការចូលចិត្ដរបស់ខ្ញុំចំពោះគាត់គឺគ្រាន់តែជាទំនាក់ទំនងល្អ ឬការចូលចិត្ដបែបទូទៅដូចជាមិត្ដនិងមិត្ដ ប៉ុន្ដែការពិតគឺមិនមែនដូច្នោះនោះទេ ពីមួយថ្ងៃទៅមួយថ្ងៃខ្ញុំចេះតែមានអារម្មណ៍ល្អទៅលើរូបគាត់ ហើយអារម្មណ៍ដែលខ្ញុំមានចំពោះគាត់គឺវាបានលើសពីពាក្យថាមិត្ដភក្ដិបាត់ទៅហើយ។ ចំណែកគាត់វិញក៏មានអារម្មណ៍មកកាន់ខ្ញុំក៏លើសពីពាក្យថាមិត្ដភក្តិផងដែរ គាត់និយាយថាគាត់បានចាប់អារម្មណ៍លើរូបខ្ញុំចាប់តាំងពីបានឃើញខ្ញុំលើកដំបូងមកម្លេះ ពេលដែលគាត់បាននិយាយបែបនោះ​មកកាន់ខ្ញុំ ធ្វើឲ្យខ្ញុំពិតជាមានអារម្មណ៍ររំភើបចិត្ដ ញាប់ញ័រយ៉ាងខ្លាំងចំពោះប្រយោគមួយឃ្លានោះណាស់​។ អារម្មណ៍ល្អៗរបស់ពួកយើងចេះតែកើតមានជាហូរហែរ ហើយទំនាក់ទំនងរបស់ពួកយើងក៏កាន់តែមានភាពស្អិតរមួតពីមួយថ្ងៃទៅមួយថ្ងៃ វាជាទំនាក់ទំនងមួយដែលអាចនិយាយបានថាលើសពីមិត្ដភក្តិតែមិនមែនមានន័យថាជាស្នេហាព្រោះយើងជាស្រីដូចគ្នា អស់រយៈពេលជាង៧ខែនៃការដែលពួកយើងបានស្គាល់គ្នា និងបានសេពគប់គ្នាជាសង្សារដោយមានការលាក់លៀម(ស្នេហ៍Private)ទំនាក់ទំនងរបស់យើងទាំងពីនាក់នៅតែល្អដូចដើម គឺតែងតែយកចិត្ដទុកដាក់និងព្រួយបារម្ភពីគ្នាទៅវិញទៅមក។

មិនបានប៉ុន្មានគ្រួសាររបស់ខ្ញុំក៏បានដឹងពីទំនាក់ទំនាក់របស់ពួកយើង ហើយពួកគាត់មិនសប្បាយចិត្តសោះ​ ដោយមានការខឹងយ៉ាងខ្លាំង និងមិនពេញចិត្ដនូវទំនាក់ទំនងស្នេហារបស់ពួកយើងឡើយ បើចំពោះបងប្រុសខ្ញុំវិញគាត់ពិតជាមានការអស់សង្ឃឹម និងខកបំណងចំពោះខ្ញុំយ៉ាងខ្លាំង គាត់បានស្តីបន្ទោសឲ្យខ្ញុំថា​​​​​   “ មិចហែងធ្វើអីឆ្កួតៗនិងខុសពីគេចឹង?​ ដើរមើលៗមានអ្នកណាគេខ្លះដូចហែង?  ដឹងអត់ពេលធ្វើអ្វីមួយគួរតែគិតដល់ម៉ាក់ប៉ាផង តើគាត់និងមានអារម្មណ៍បែបណាដែរ ពេលកូនស្រីរបស់គាត់ស្រលាញ់ស្រីដូចគ្នាចឹង?ហើយគាត់ក៏បានឲ្យពួកយើងបញ្ចប់ទំនាក់ទំនងនឹងគ្នាភ្លាម បើទោះបីជាពួកយើងប្រាប់គាត់ថាទំនាក់ទំនងរបស់ពួកយើងត្រឹមតែជាមិត្ដភក្តិនឹងគ្នាដ៏ដោយចុះ។ ចាប់តាំងពីពេលនោះមកពួកយើងក៏លែងទាក់ទងជាមួយទៀត ហើយខ្ញុំតែងតែគិតថាប្រហែលជាអ្វីដែលបងប្រុសខ្ញុំនិយាយគឺមិនខុសទេ មិចក៏ខ្ញុំគិតអីឆ្កួតៗចឹង។

ពេលដែលខ្ញុំបានបញ្ចប់ការសិក្សាជាសិស្សវិទ្យាល័យ ចូលជានិស្សិតដែលរៀននៅមហាវិទ្យាល័យមួយនៅក្នុងទីក្រុងភ្នំពេញ បងប្រុសខ្ញុំតែងតែណែនាំមិត្ដភក្ដិប្រុសម្នាក់ដែលធ្លាប់រៀន និងធ្វើការជាមួយគាត់មកកាន់ខ្ញុំជារើយៗ ក្នុងគ្រានោះផងដែរពួកយើងក៏ចាប់ផ្ដើមមើលពីចិត្ដគ្នា ប៉ុន្ដែមួយរយះក្រោយមក អារម្មណ៍ដែលខ្ញុំមានទៅលើបងប្រុសម្នាក់នោះទាំងប៉ុន្មាន គឺវាហាក់បីដូចជាមានអារម្មណ៍ប្រៀបបានដូចទៅនឺងប្អូនស្រីនិងបងតែប៉ុណ្ណោះហើយនៅពេលដែលខ្ញុំជួបរឺក៏និយាយជាមួយគាត់ម្ដងៗខ្ញុំមានអារម្មណ៍ថាវាពិតជាមានសម្ពាធណាស់ចំពោះខ្ញុំ​ បើទោះបីជាគាត់មិនបានធ្វើអ្វីខុសឆ្គងមកលើខ្ញុំក៏ដោយ ហើយក្នុងខណៈពេលនោះផងដែរ ខ្ញុំគិតថានេះដូចជាមិនមែនជាខ្លួនខ្ញុំនោះទេ។ ដោយពុំចង់ឲ្យរឿងនោះកាន់តែវែងឆ្ងាយនិងចំណាយពេលវេលាខុសខ្ញុំក៏បានសម្រេចចិត្តរៀបរាប់ពីអារម្មណ៍មួយនោះទៅកាន់គាត់ ហើយពួកយើងក៏បានចាត់ទុកគ្នាត្រឹមតែជាបងប្អូនវិញ។

ខ្ញុំប្រឈមមុខជាមួយគ្រួសាររបស់ខ្ញុំ គឺម៉ាក់ខ្ញុំគាត់បានខឹងខ្ញុំយ៉ាងខ្លាំង ដល់ថ្នាក់មិននិយាយរកខ្ញុំមួយខែទៀត ហើយដោយសារតែខ្ញុំរស់នៅក្រោមបន្ទុករបស់គាត់ ហេតុនេះហើយខ្ញុំក៏មិនទទួលបានប្រាក់ចាយវាយមួយខែផងដែរ។ អារម្មណ៍របស់ខ្ញុំពេលនឹងវាពិពណ៌នាខ្លាំងណាស់ ទោះបីជាបានត្រៀមចិត្ដទុកមុនហើយ ក៏វានៅតែពិបាកដែរ តែជឿទៅការខិតខំប្រឹងរបស់ខ្ញុំគឺវាមិនអត់ប្រយោជន៍នោះទេ ខ្ញុំតែងតែធ្វើឲ្យគាត់ឃើញថា មិនថាខ្ញុំមានក្ដីស្រលាញ់បែបណាខ្ញុំនៅតែជាខ្ញុំ និងនៅតែជាកូនស្រីរបស់គាត់ជានិច្ច។

បន្ទាប់ពីបានឆ្លងកាត់នូវបទពិសោធន៍ដែលគេមិនឲ្យតម្លៃក៏ដូចជាការហាមឃាត់ និងបិទសិទ្ធិទៅលើការស្រលាញ់ភេទដូចគ្នា បានធ្វើឲ្យខ្ញុំហ៊ានប្រឈមមុខក្នុងការផ្លាស់ប្តូរ និងហ៊ានក្នុងការសម្រេចចិត្តធ្វើនូវអ្វីដែលខ្លួនចង់ធ្វើ វាបានបង្រៀនឲ្យខ្ញុំមានការយល់ដឹងថាក្ដីស្រលាញ់មិនមែនជាការហាមឃាត់ រឹតតែមិនមែនជាការបង្ខិតបង្ខំ ផ្ទុយមកវិញក្តីស្រលាញ់គឺត្រូវបានធម្មជាតិកំណត់ឲ្យមានឡើងនូវការពេញចិត្តចំពោះគ្នានឹងគ្នា សេចក្តីស្រលាញ់គឺកើតមានឡើងតាមរយៈបេះដូងបញ្ជាទៅកាន់ខួរក្បាលរបស់បុគ្គល    ម្នាក់ៗ អ្នកខ្លះអាចនឹងមានក្ដីស្រឡាញ់ទៅលើអ្នកដែលមានភេទផ្ទុយគ្នា ចំណែកឯអ្នកមួយចំនួនទៀតអាចមានក្ដីស្រឡាញ់ទៅលើអ្នកមានភេទដូចគ្នាទៀតផង ការស្រលាញ់បែបនេះគឺពុំមានខុសច្បាប់ឡើយព្រោះវាគឺជាចំណងចំណូលចិត្ត និងជាការសម្រេចទៅលើមនុស្សពីរនាក់ដែលមានមនោសញ្ជោតនាស្នេហារវាងគ្នានឹងគ្នា ក្ដីស្រលាញ់គឺមិនអាចបង្ខំបានឡើយ ហើយខ្ញុំក៏មិនអាចកែប្រែខ្លួនឯងឲ្យធ្វើតាមចិត្តអ្នកដទៃ ខ្ងុំចាប់ផ្តើមដោះលែងខ្លួនងង​អោយមានសេរីភាពក្នុងការគិត ការសម្តែងមតិ​ និងការចូលរួម​។

មូលហេតុដែលធ្វើឲ្យខ្ញុំសម្រេចចិត្ដក្នុងការផ្លាស់ប្ដូធ្វើជាខ្លួនឯង ព្រោះខ្ញុំដឹងថាការដែលយើងធ្វើជានរណាម្នាក់ដែលមិនមែនជាយើងគឺវាមិនមានភាពងាយស្រួលនោះទេ ខ្ញុំត្រូវធ្វើរឿងជាច្រើនដែលខ្ញុំមិនចង់ធ្វើសោះ ដូចជាការដែលខ្ញុំត្រូវទៅណាត់ជួបជាមិត្ដភក្ដិបងប្រុសរបស់ខ្ញុំ ខ្ញុំបានចំណាយពេលជួបគាត់1ម៉ោងជារៀងរាល់អាទិត្យ ទាំងដែលចិត្ដខ្ញុំតែងតែស្រែកសួរខ្ញុំថា ហេតុអ្វីបានជាខ្ញុំត្រូវជួបជាមួយគាត់? ទាំងដែលពេលជួបគាត់ម្ដងៗ ខ្ញុំមានអារម្មណ៍ធុញទ្រាន់ណាស់ ហើយថែមទាំងមិនមានភាពសុខស្រួលសម្រាប់ខ្ញុំទៀត។ តើនេះជាអ្វីដែលខ្ញុំត្រូវការនិងចង់បានមែនទេ? ចុះទៅថ្ងៃអនាគត តើខ្ញុំនឹងទៅជាយ៉ាងណា? ព្រោះខ្លាចមាត់និងភ្នែករបស់អ្នកដទៃមើលមកខ្ញុំមិនល្អ ខ្ញុំត្រូវតែធ្វើអ្វីដែលមិនមែនជាខ្ញុំមែនទេ? បើយើងមិនទាន់ទាំងទទួលស្គាល់អ្វីដែលជាខ្លួនយើងបានផង តើអ្នកណាគេទៅដែលទទួលយើង? ខ្ញុំគឺបែបនេះ ខ្ញុំមានក្ដីស្រលាញ់បែបនេះ នេះគឺជាខ្ញុំ។

ខ្ញុំក៏ចាប់ផ្ដើមទទួលស្គាល់អ្វីដែលជាខ្លួនរបស់ខ្ញុំ ហើយខ្ញុំក៏បើកចិត្ដនិយាយពន្យល់ទៅកាន់គ្រួសាររបស់ខ្ញុំ មិនថាខ្ញុំជាអ្នកដែលមានក្ដីស្រលាញ់ទៅលើបុគ្គលដែលមានភេទដូចគ្នាក៏ដោយ ក៏ខ្ញុំនៅតែជាកូនស្រីក្នុងគ្រួសារ ជាប្អូនស្រីរបស់បងប្រុស ជាក្មួយស្រីរបស់ពូមីង ជាចៅស្រីរបស់តាយាយ ជានិស្សិតម្នាក់ដែលកំពុងបន្តការសិក្សា និងជាប្រជាពលរដ្ឋល្អមួយរូបរបស់ប្រទេសកម្ពុជា។ ទោះបីជាពួកគាត់មានការមិនពេញចិត្ដខ្លះៗ ក៏គាត់នៅតែទទួលស្គាល់អ្វីដែលជាខ្ញុំ ព្រោះថានេះគឺជាខ្ញុំ។ ក្ដីស្រលាញ់គឺមិនមែនជាការ បែងចែក ហើយក៏មិនត្រូវបានកំណត់ឲ្យធ្វើតាមនូវអ្វីដែលជាតម្រូវការរបស់បុគ្គលណាម្នាក់ឡើយ (ឃើញគេធ្វើយ៉ាងម៉េច ខ្ញុំត្រូវតែធ្វើតាមគេនោះទេ) ខ្ញុំបានបន្ដពន្យល់ប្រាប់គ្រួសារខ្ញុំរបស់ថា’’ខ្ញុំអាចរៀបការជាមួយបុរសដែលប៉ាម៉ាក់រកឲ្យបាន ប៉ុន្ដែថ្ងៃណាមួយខ្ញុំអាចនឹងលែងលះគ្នាជាមួយគាត់វិញ ព្រោះទោះបីជារស់នៅជាមួយគ្នាក៏វាគ្មានក្ដីស្រលាញ់ដែរ’’។

 មកដល់ឥលូវនេះ​ខ្ញុំដឹងហើយថា ការបង្កើតគ្រួសារមួយបាន គឺជាការបេ្តជ្ញារបស់មនុស្សពេញវ័យពីរនាក់ ដែលចាប់ដៃគ្នារស់នៅជាមួយគ្នា​ មានការតស៊ូ អត់ធ្មត់ហ៊ានប្រឈមមុខជាមួយគ្នា មានទំនួលខុសត្រូវ ចេះមើលថែគ្នាគ្រប់កាលៈទេសៈ មិនថាក្នុងស្ថានភាពបែបណាក៏ដោយ ក្ដីស្រលាញ់គឺមិនមានការប្រកាន់ភេទឡើង។ ការទទួលស្គាល់ខ្លួនឯងគឺជារឿងសំខាន់មួយដូច Namjoon បាននិយាយថា មិនថាអ្នកមានឈ្មោះអ្វី? មានក្ដីស្រលាញ់បែបណាដែលធ្វើឲ្យបេះដូងអ្នកលោត? គ្មានបញ្ហានោះទេ មិនថាអ្នកជាអ្នកណា អ្នកមកពីណា មានពណ៍សប្បុរបែបណា មានជាតិសាសន៍ជាអ្វី និងអត្ដសញ្ញាណយេនឌ័ររបស់អ្នកយ៉ាងណាក៏ដោយក្តី គ្រាន់តែនិយាយថាវានោះហើយគឺជាអ្នក….។ ពេលខ្លះ ខ្ញុំក៏បានសួរឯង តើមានមនុស្សប៉ុន្មានដែលអាចរកឃើញខ្លួនឯងដូចខ្ញុំ អ្នកខ្លះទាន់តែចាស់ មានគ្រួសារមួយមានកូនហើយ ទើបរកឃើញខ្លួនឯង ហើយបានលែងលះជាមួយគ្នា  ចុះខ្ញុំវិញ ខ្ញុំគ្រាន់តែជាក្មេងស្រីដែលមានអាយុ20  ប៉ុន្ដែបានរកស្រួលឯងឃើញហើយ ហេតុអ្វីខ្ញុំត្រូវធ្វើជាអ្នកដទៃទៅវិញ តើមួយជីវិតខ្ញុំមាន10ឆ្នាំប៉ុន្មានដង។

សរសេរដោយ៖ សុត បុប្ផា & សែម តុន

Leave a comment